Nokia ​ចេញ​ស្មាតហ្វូន​ថ្មី​​ Nokia 6 ​ស៊េរី​ឆ្នាំ២០១៨ ប្ដូរ​ទ្រនាប់​ស្កេន​ក្រយៅដៃ​ទៅ​ក្រោយ បំពាក់​ឈីប​ល្អ​ជាង​មុន Snapdragon 630

660


បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​និង​ការ​លេច​ធ្លាយ​ជាច្រើន​អំពី​ស្មាតហ្វូន Nokia ថ្មី គឺ Nokia 6 ជំនាន់​ទី២ នោះ ឥឡូវ​នេះ ក្រុមហ៊ុន​ HMD Global ​បាន​ប្រកាស​ចេញ Nokia (2018) ​ជា​ផ្លូវការ​ហើយ។ ស្មាតហ្វូន Nokia ​ថ្មី​ដែល​ជា​ទាយាទ​ក្រោយ​របស់ Nokia 6 ឆ្នាំ​មុន​នេះ នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃ​ទី១០ មករា​ខាង​មុខ​ក្នុង​តម្លៃ​ចាប់ពី ១៤៩៩យ័ន ឬ​ប្រហែល ២៣០ដុល្លារ​អាមេរិក (ម៉ូដែល 32GB) ទៅ ១៦៩៩យ័ន ឬ​ប្រហែល ២៦០ដុល្លារ (ម៉ូដែល 64GB) អាស្រ័យ​តាម​លក្ខណៈ​សម្បត្តិ​ផ្សេង​គ្នា។

​មិន​ដូច​ជា Nokia 6 ជំនាន់​ដំបូង​ដែល​ចេញ​តាំងពី​ខែ​មករា ឆ្នាំ​មុន​នោះ​ទេ ដោយ​ទ្រនាប់​ស្កេន​ក្រយៅដៃ​របស់ Nokia 6 ​ជំនាន់​ទី២​ថ្មី​នេះ ត្រូវ​បាន​ផ្លាស់ប្ដូរ​ទីតាំង​មក​នៅ​ផ្នែក​ខាង​ក្រោយ​វិញ។ តួ​ស្មាតហ្វូន​ថ្មី​របស់​ក្រុមហ៊ុន​ហ្វាំងឡង់​នេះ ផលិត​ពី​លោហធាតុ អម​ដោយ​សារធាតុ​អាលុយមីញ៉ូម ៦០០០ស៊េរី (6000 series) ​រឹងមាំ។

Nokia 6 (2018) នេះ​ជា​ស្មាតហ្វូន​ស៊ីម​ពីរ (dual-SIM) ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.1.1 Nougat ។ Nokia 6 ថ្មី​ត្រូវ​គេ​រំពឹង​ថា នឹង​ទទួល​បាន​កញ្ចប់​បច្ចុប្បន្នភាព​សូហ្វ៊ែរ​ឡើង​ទៅ Android 8.0 Oreo ​នាពេល​ឆាប់ៗ​ខាង​មុខ។ រីឯ​អេក្រង់ Nokia 6 (2018) ​វិញ មាន​ទំហំ ៥,៥អ៊ីញ​ប្រភេទ IPS ​ដែល​មាន​កម្រិត full-HD (1080×1920)px និង​កម្រិត 16:9 aspect ratio។ វា​បំពាក់​ដោយ​អង្គ​ប្រតិបត្តិ octa-core Qualcomm Snapdragon 630 SoC ល្បឿន 2.2GHz, RAM 4GB ប្រភេទ LPDDR4 និង​មាន​រន្ធ​សម្រាប់​បន្ថែម microSD បាន​ដល់ 128GB។

​ក្រុមហ៊ុន HMD Global ​បាន​បំពាក់​កាមេរ៉ា​ក្រោយ​ទំហំ 16MP អម​ដោយ​ភ្លើង​ជំនួយ dual-tone LED flash និង PDAF lens នៅ​កម្រិត aperture f/2.0 ហើយ​កាមេរ៉ា​មុខ​ទំហំ 8MP ​ជាមួយ​កម្រិត f/2.0 ថត​ទូលាយ​នៅ​មុំ ៨៤ដឺក្រេ wide angle lens នៅ​លើ​ Nokia 6 ឆ្នាំ២០១៨។ លើស​ពី​នេះ វា​ក៏​ត្រូវ​បាន​បំពាក់​បច្ចេកវិទ្យា Dual-Sight ​ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​កាមេរ៉ា​ដំណាលគ្នា​ទាំង​ខាង​មុខ និង​ខាង​ក្រោយ ដើម្បី​បង្កើត​ Bothie។ ស្មាតហ្វូន​នេះ​មាន​វិទ្យុ FM, 4G VoLTE, Wi-Fi 802.11 a/b/g/n, Bluetooth v5, GPS/A-GPS, USB Type-C និង​រន្ធ​កាស​ប្រភេទ 3.5mm audio jack។

ក្រៅពី​នេះ Nokia 6 (2018) ​មាន​កម្លាំង​ថ្ម 3000mAh ដែល​គាំទ្រ​បច្ចេកវិទ្យា​សាកថ្ម​ឆាប់​រហ័ស fast charging។ វា​មាន​វិមាត្រ (១៤៨,៨x៧៥,៨x៨,៦) មិល្លីម៉ែត្រ និង​ទម្ងន់ ១៧២ក្រាម៕