តើមនុស្សរីករាយចាប់ផ្ដើមដំណើរជីវិតជារៀងរាល់ព្រឹកយ៉ាងដូចម្ដេច ?

457

តើគំនិតបែបណាដែលផុសឡើងក្នុងការគិតរបស់អ្នកនៅពេលអ្នកទើបភ្ញាក់ពីគេង ? ជារឿងស្មុគស្មាញនៅកន្លែងធ្វើការឬជាសេចក្ដីសុខដែលគ្រួសារផ្ដល់ឲ្យអ្នក ? អ្នកប្រាជ្ញលោក Albert Einstein បាននិយាយថា៖ “ការសម្រេចចិត្តដែលសំខាន់បំផុតរបស់យើងម្នាក់ៗគឺថាតើពួកយើងជឿជាក់ថាខ្លួនឯងកំពុងរស់នៅក្នុងពិភពលោកមួយដ៏ស្រស់បំព្រងឬជាពិភពលោកមួយដ៏ឃោរឃៅ”។ មិនថាជាអ្នកសម្លឹងមើលទៅពិភពរបស់អ្នកបែបណានោះទេ វានឹងមានឥទ្ធិពលទៅដល់ការគិតនិងរបៀបនៃការឆ្លើយតបរបស់អ្នកចំពោះបញ្ហា់ទាំងឡាយនៅក្នុងជីវិតរបស់អ្នក។

នៅពេលអ្នកជ្រើសរើសសម្រេចចិត្តចាប់ផ្ដើមជីវិតរបស់អ្នកជាមួយការគិតបែបវិជ្ជមាន វាក៏នឹងតបស្នងលើឥរិយាបថរបស់អ្នកលើហេតុការណ៍ជុំវិញខ្លួនដោយភាពវិជ្ជមានដូចគ្នា ហើយរឿងល្អៗនឹងកើតមានចំពោះអ្នកវិញមិនខាន។ ការគិតវិជ្ជមានថែមទាំងជាកត្តាចាំបាច់មួយសម្រាប់ជំរុញឲ្យសុខភាពរបស់អ្នកល្អនិងរឹងមាំផងដែរ។

វាជារឿងងាយបំផុតដែលការគិតរបស់អ្នកអាចនឹងធ្លាក់ចូលទៅក្នុងសភាពអវិជ្ជមាន ព្រោះការគិតរបស់អ្នកទទួលរងនូវការឥទ្ធិពលពីសង្គមខាងក្រៅគ្រប់ពេល៊ ហើយការគិតអវិជ្ជមាននឹងមានឥទ្ធិពលរាំងស្ទះដល់ភាពជោគជ័យរបស់អ្នក។ ការគិតរបស់អ្នកជាអ្នកបង្គាប់បញ្ជាលើសកម្មភាពរបស់អ្នក ហើយអ្នកនឹងទទួលផលពីជីវិតទៅតាមនោះ។ អ្នកមានសិទ្ធិក្នុងការជ្រើសរើសផលដែលអ្នកចង់បានពីជីវិត ដូច្នេះអ្នកគួរជ្រើសរើសយកការគិតវិជ្ជមានដែលវានឹងតបស្នងអ្នកវិញនូវរឿងល្អៗក្នុងជីវិត។

អ្នកត្រូវចាប់ផ្ដើមថ្ងៃនីមួយៗក្នុងជីវិតរបស់អ្នកជាមួយនឹងការជ្រើសរើសពាក្យសម្ដីទាំងឡាយណាដែលលើកទឹកចិត្តអ្នកឲ្យមានឥរិយាបថវិជ្ជមានចំពោះបញ្ហាក្នុងជីវិត ផ្ដោតទៅលើរឿងណាដែលផ្ដល់សុភមង្គលផ្លូវចិត្តដល់អ្នក ឲ្យតម្លៃលើរឿងល្អៗបន្តិចបន្ដួចដែលមានក្នុងជីវិតអ្នក ចំណាយពេលឲ្យបានច្រើននៅជាមួយមនុស្សដែលគិតអ្វីៗក្នុងផ្លូវសុទិដ្ឋិនិយម។ Harvey Mackay ក៏និយាយថា៖ “នៅពេលភ្ញាក់ពីគេងជារៀងរាល់ថ្ងៃ អ្នកមានជម្រើសពីរ។ អ្នកអាចគិតវិជ្ជមានឬអវិជ្ជមាន ធ្វើជាមនុស្សសុទិដ្ឋិនិយមឬទុទិដ្ឋិនិយម។ ខ្ញុំជ្រើសរើសក្លាយជាមនុស្សសុទិដ្ឋិនិយម ហើយវាសុទ្ធតែកើតចេញពីការគិតរបស់យើងទាំងអស់”