ចិន​ចាប់​ផ្ដើម​ផលិត​នាវា​ផ្ទុក​យន្តហោះ​ទី​បី​ សមត្ថភាពសាហាវ​ជាង​មុន

468

បើ​តាម​ប្រភព​ជិត​ស្និទ្ធ​នឹង​កង​ទ័ព​ជាតិ​ចិន និង​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន South China Morning Post បាន​ឲ្យ​ដឹង​ថា ចិន​បាន​ចាប់​ផ្ដើម​ផលិត​នាវា​ផ្ទុក​យន្ត​ហោះ​គ្រឿង​ទី​បី​របស់​ខ្លួន​ហើយ។

នាវា​ដឹក​យន្ត​ហោះ​នេះ មាន​ឈ្មោះ CV-18 ត្រូវ​បាន​ចាប់​ផ្ដើម​ផលិត​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ នៅ​កន្លែង​សង់​នាវា​មួយ​ក្នុង​ទី​ក្រុង​សៀងហៃ។ នាវា​នេះ នឹង​ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ជាង​មុន ដោយ​បច្ចេកវិទ្យា​នេះ​នឹង​ធ្វើ​ឲ្យ​យន្ត​ហោះ​ជា​ច្រើន​នៅ​លើ​នាវា​នេះ​ចេញ​ដំណើរ​លឿន​ជាង​មុន។

បើ​តាម​ប្រភព​មួយ​ទៀត​ដែល​ស្និទ្ធ​កង​ទ័ព​ជើង​ទឹក​ចិន នាវា CV-18 នឹង​មាន​ទម្ងន់​ធ្ងន់​ជាង​នាវា​ផ្ទុក​យន្ត​ហោះ​ Liaoning ដែល​ជា​នាវា​ដឹក​យន្ត​ហោះ​ទី​មួយ​ដែល​ចិន​មាន ពី ៨​ទៅ ១០​ម៊ឺន​តោន​ឯណោះ។

ទោះ​ជា​យ៉ាង​ណា ពេល​វេលា​ជាក់​លាក់​ដែល​ថា នាវា​នេះ​ត្រូវ​បាន​ផលិត​រួច​រាល់ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

សូម​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ចិន​មាន​នាវា​ដឹក​យន្តហោះ​ចំនួន ២​ហើយ។ មួយ​គឺ Liaoning ដែល​ប្រទេស​យក្ស​មួយ​នេះ ទិញ​ពី​អ៊ុយក្រែន ហើយ​ដាក់​ឲ្យ​ដំណើរ​ការ​នា​ឆ្នាំ ២០១២។ មួយ​ទៀត​គឺ នាវា​ផ្ទុក​យន្ត​ហោះ Type 001A ដែល​ត្រូវ​បាន​ផលិត​ដោយ​ចិន​ខ្លួន​ឯង​ផ្ទាល់ ហើយ​គ្រោង​នឹង​ដាក់​ឲ្យ​ចេញ​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​នេះ​ហើយ៕