គន្លឹះ​សំខាន់ៗ​ ​ដើម្បី​គ្រប់គ្រង​ចិត្ត​រវើរវាយ​ឥត​ទិស​ដៅ​របស់​អ្នក

488

អ្នក​មិនមែន​គ្មាន​សេរីភាព​ដោយសារ​រាងកាយ​របស់​អ្នក​ត្រូវ​បាន​ឃុំឃាំង​នោះ​ទេ ប៉ុន្តែ​គឺជា​ចិត្ត​របស់​អ្នក​ទៅវិញ​ទេ។ ចិត្ត​របស់​អ្នក​ជា​អ្នក​ឃុំឃាំង​អ្នក​ឲ្យ​គ្មាន​សេរីភាព មានន័យ​ថា​អ្នក​បាន​អនុញ្ញាត​ឲ្យ​ចិត្ត​របស់​អ្នក​ធ្វើ​ជា​ចៅហ្វាយ​គ្រប់គ្រង​ទង្វើ​របស់​អ្នក មិនមែន​អ្នក​ជា​ចៅហ្វាយ​គ្រប់គ្រង​ចិត្ត​ខ្លួនឯង​នោះ​ទេ។ បើ​វិចារណញ្ញាណ​ឫ​ចិត្ត​មាន​ហេតុផល​មាន​សមត្ថភាព​ដឹង​ខុសត្រូវ​របស់​អ្នក ដឹង​ថា​ទង្វើ​មួយ​នោះ​មិន​គួរ​ធ្វើ​ឡើយ ហើយ​អ្នក​ក៏​បញ្ចៀស​ខ្លួនឯង​ពី​ការ​ប្រព្រឹត្ត​បែប​នោះ​បាន។ នេះ​បញ្ជាក់​ថា​វិចារណញ្ញាណ​របស់​អ្នក​ដឹកនាំ​ការ​ប្រព្រឹត្ត​របស់​អ្នក មានន័យ​ថា​អ្នក​កំពុង​ធ្វើ​ជា​ចៅហ្វាយ​គ្រប់គ្រង​ចិត្ត​របស់​ខ្លួន​ហើយ។

យ៉ាងណាមិញ ប្រសិន​បើ​អ្នក​ដឹង​ថា​ទង្វើ​មួយ​នោះ​មិន​គួរ​ប្រព្រឹត្ត​ហើយ តែ​អ្នក​នៅ​តែ​បន្ត​ធ្វើ​វា​ទៀត នោះ​ចិត្ត​របស់​អ្នក​កំពុង​ក្ដោបក្ដាប់​យក​អំណាច​ពី​អ្នក​ដែល​ជា​ម្ចាស់​វា ហើយ​ដឹកនាំ​ការ​ប្រព្រឹត្ត​របស់​អ្នក​ដែល​នាំ​ទៅ​រក​ផ្លូវ​ខុស​ឆ្គង​នោះ​ហើយ។ ខណៈ​នេះ អារម្មណ៍​ឥត​ហេតុផល​និង​ឥត​ដឹង​ខុសត្រូវ​របស់​អ្នក បាន​យក​ឈ្នះ​ទៅលើ​សមត្ថភាព​ដឹង​ខុសត្រូវ​របស់​វិចារណញ្ញាណ​ហើយ។

ការ​គ្រប់គ្រង​ចិត្ត​ខ្លួនឯង​នេះ​ទៀត​សោត នឹង​នាំ​អ្នក​ទៅ​រក​សេចក្ដី​ស្ងប់​សុខ ដែល​ជា​គន្លឹះ​ជោគជ័យ​ដ៏​អាថ៌កំបាំង​នៃ​ការ​សម្រេច​កិច្ចការ​នានា​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ នោះ​គឺ​នៅ​ពេល​អ្នក​អាច​គ្រប់គ្រង​ការ​គិត​រវើរវាយ​អណ្ដែតអណ្ដូង​របស់​អ្នក មិន​ថា​គិត​ទៅ​ពេល​អតីត​ឬ​អនាគត ឲ្យ​មក​ផ្ចង់​អារម្មណ៍​នៅ​ខណៈ​ពេល​នេះ ដែល​ជា​បច្ចុប្បន្នកាល​វិញ។ ការ​បណ្ដោយ​ឲ្យ​ចិត្ត​រវើរវាយ​មិន​ផ្ដោត​ទៅលើ​អ្វី​ចំពោះ​មុខ គឺជា​ឫសគល់​នៃ​សេចក្ដី​ទុក្ខ​ទាំងឡាយ ក៏​ព្រោះ​តែ​ការ​មិន​ពេញចិត្ត​ចំពោះ​អ្វី​ដែល​ខ្លួន​កំពុង​មាន​ឫ​ធ្វើ បណ្ដាល​ឲ្យ​លទ្ធផល​នៃ​កិច្ចការ​របស់​អ្នក​មិន​សម្រេច​ទៅ​តាម​បំណង។

អ្វី​ទាំងនេះ​មិន​ស្ថិត​នៅ​ក្រៅ​សមត្ថភាព​របស់​អ្នក​ទេ ដរាប​ណា​អ្នក​អាច​គ្រប់គ្រង​ចិត្ត​រវើរវាយ​គ្មាន​ទិសដៅ​ច្បាស់លាស់​របស់​អ្នក​ឲ្យ​ងាក​មក​ផ្ដោត​ចំពោះ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ដោយ​អាច​សម្រេច​បាន​ជាមួយ​វិធី​៣យ៉ាង​ខាងក្រោម​នេះ៖

១) ដឹង​ពី “ហេតុអ្វី” របស់​អ្នក៖ ហេតុអ្វី​អ្នក​ធ្វើ​កិច្ចការ​មួយ​នេះ ? តើ​អ្វី​ជា​កម្លាំង​ជំរុញ​របស់​អ្នក ? មនុស្ស​យើង​នៅ​ពេល​មាន​កម្លាំង​ជំរុញ​ចិត្ត ប្រៀប​បាន​ទៅ​នឹង​កាតាលីករ​ពន្លឿន​ល្បឿន​ប្រតិកម្ម​គីមី​ឲ្យ​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ឆាប់​សម្រេច​គោលដៅ​បាន​ដោយ​ជោគជ័យ​យ៉ាង​ដូច្នោះ។ នៅ​ពេល​ដឹង​ថា “ហេតុអ្វី” កិច្ចការ​ដែល​អ្នក​កំពុង​ធ្វើ​មួយ​នោះ​សំខាន់​សម្រាប់​អ្នក​ហើយ នោះ​អ្នក​នឹង​អាច​ផ្ចង់​អារម្មណ៍​ធ្វើ​វា​បាន​កាន់តែ​ល្អ។

២) បង្កើត​នូវ​លំហូរ​ការងារ​របស់​អ្នក៖ ត្រង់​នេះ​ចង់​បង្ហាញ​ពី​ការ​រៀបចំ​ការងារ​ទាំងអស់​ជា​ប្រចាំ​ថ្ងៃ​របស់​អ្នក​បែប​ណា ឲ្យ​ការងារ​នីមួយៗ​ដំណើរការ​ទៅ​រលូន​ប្រៀប​បាន​ទៅ​នឹង​ការ​តម្រង់​ជួរ​ចេញ​ពី​ម្នាក់​ចូល​ម្នាក់​ទៀត​ដូច្នោះ។ អ្នក​អាច​ធ្វើ​បែប​នេះ​បាន​ដោយ​គ្រាន់តែ​បំបែក​ការងារ​ដែល​ជា​រូបភាព​ធំ ទៅ​ជា​បំណែក​ឬ​ជំហាន​តូចៗ រួច​ត្រូវ​ស្គាល់​ខ្លួនឯង​ថា​តើ​ពេលវេលា​ណា​ដែល​អ្នក​ធ្វើ​កិច្ចការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត និង​ផ្ចង់​អារម្មណ៍​បាន​ល្អ​បំផុត។

៣) ចៀសវាង​ធ្វើ​កិច្ចការ​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ៖ ដោយ​ភ្ជាប់​គ្នា​យ៉ាង​ស្អិត​ល្មួត​ជាមួយ​ចំណុច​ទី២ អ្នក​ត្រូវ​លះបង់​ផ្នត់​គំនិត​ដែល​មើល​ឃើញ​ទៅលើ​ប្រសិទ្ធភាព​ខ្ពស់​និង​ផលិតភាព​ខ្ពស់​នៃ​ការ​ធ្វើ​កិច្ចការ​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ។ បើ​អ្នក​មាន​បំណង​លោភ​ស្រវា​ចាប់​ត្រី​ច្រើន​ក្នុង​ពេល​តែ​មួយ ចុងក្រោយ​ប្រហែល​ជា​ត្រី​មួយ​ក្បាល​ក៏​អ្នក​ចាប់​មិន​បាន​ផង។ កិច្ចការ​ធំៗ​ត្រូវ​បំបែក​ជា​តូចៗ និង​ត្រូវ​ផ្ដោត​ធ្វើ​កិច្ចការ​នីមួយៗ​ដាច់​ដោយ​ឡែក​ពី​គ្នា ដើម្បី​ធ្វើ​វា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត នោះ​ផលិតភាព​ខ្ពស់​នឹង​មក​តាម​ក្រោយ​មិនខាន៕